រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលទ្បារី គ្លិនតុន (Hillary Clinton) ដែលបានបញ្ចប់ទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅកម្ពុជាថ្មីៗនេះ បានសម្ដែងការគាំទ្រលើច្បាប់ប្រឆាំងអំពើពុករលួយ ដើម្បីធានា និងបម្រើផលប្រយោជន៍ដល់វិនិយោគទុនបរទេស និងប្រជាពលរដ្ឋខ្មែរទូទៅ។ការថ្លែងគាំទ្រនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតរួមគ្នាមួយ នៅឯក្រសួងការបរទេសកម្ពុជា រវាងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ជាឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី១ ខែវិច្ឆិកា ថ្មីៗនេះ។
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន បានមានប្រសាសន៍នៅថ្ងៃទី១ ខែវិច្ឆិកាថា ប្រទេសកម្ពុជា បានធ្វើការងារបានជឿនលឿនជាច្រើននៅក្នុងការប្រឆាំងអំពើពុករលួយកន្លងមកនេះ។
លោកស្រីបន្តថា ៖ "យើងកំពុងតែអនុវត្តយ៉ាងខ្លាំងក្លានៃច្បាប់ប្រឆាំងអំពើពុករលួយថ្មីៗនេះ ដើម្បីក្លាយជាឧបករណ៍ដ៏មានអំណាច ដើម្បីទប់ស្កាត់ តាមដាន និងផ្ដន្ទាទោសអំពើពុករលួយ។ នេះគឺជាការធានាដល់វិនិយោគិនបរទេស ហើយសំខាន់ជាងនេះទៀត គឺបម្រើតាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា"។
សេចក្ដីព្រាងច្បាប់ប្រឆាំងអំពើពុករលួយដែលមានចំនួន ៥៧មាត្រា និង ៩ជំពូក ត្រូវបានសភាជាតិបានអនុម័តកាលពីថ្ងៃទី១០ ខែមីនា និងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១០ កន្លងទៅនេះ ប៉ុន្តែច្បាប់នេះរងការរិះគន់ជាច្រើនពីគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា និងអង្គការសង្គមស៊ីវិលមួយចំនួន ដោយសារតែសេចក្ដីព្រាងច្បាប់នោះបានតម្រូវឲ្យមានការប្រកាសទ្រព្យសម្បត្តិក្នុងភាពមិនចំហ។
មន្ត្រីអ្នកនាំពាក្យក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា លោក កែវ រ៉េមី បានមានប្រសាសន៍សាទរថា អង្គភាពនេះកំពុងតែប្រឹងប្រែងចាត់ការអំពើពុករលួយនេះហើយ ៖ «ហើយក្រៅពីនេះ យើងនឹងបញ្ចូល និងខំប្រជ្រៀតខ្លួនយើង ធ្វើសមាហរណកម្មនៅក្នុងតំបន់ និងនៅក្នុងអន្តរជាតិ ដើម្បីធ្វើការអនុវត្តទៅតាមអ្វីដែលជាអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្ដីពីការប្រឆាំងអំពើពុករលួយថែមទៀត»។
លោកបានបញ្ជាក់ថា អង្គភាពនេះទទួលពាក្យបណ្ដឹងបានចំនួនជាង ៣០ហើយពីប្រជាពលរដ្ឋ ហើយអង្គភាពនេះកំពុងតែស៊ើបការណ៍សម្ងាត់ដោយម៉ត់ចត់ និងដោយអាថ៌កំបាំងលើពាក្យបណ្ដឹងនោះ។
កន្លងមកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គឺលោក ឱម យ៉ិនទៀង បានឲ្យដឹងថា មុខសញ្ញាដែលតម្រូវឲ្យប្រកាសទ្រព្យសម្បត្តិខាងមុខនេះ គឺមានចំនួនជាង ១០ម៉ឺននាក់ នៅក្នុងនោះមានតំណាងរាស្ត្រ ព្រឹទ្ធសមាជិក មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល មន្ត្រីយោធា ដែលបានតែងតាំងដោយអនុក្រឹត្យ និងព្រះរាជក្រឹត្យ ឧកញ៉ា មេដឹកនាំអង្គការសង្គមស៊ីវិលនានា និងចៅក្រម ព្រមទាំងព្រះរាជអាជ្ញាតុលាការជាដើម។
កាលពីថ្ងៃទី១២ ខែតុលា កន្លងទៅនេះ អង្គការឃ្លាំមើលពិភពលោក (Global Witness) បានរិះគន់ថា មានមន្ត្រីជាន់ខ្ពស់មួយចំនួនបានលក់អាជ្ញាប័ណ្ណ ដើម្បីរាវរកធនធានធម្មជាតិ ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋសាមញ្ញ និងប៉ះពាល់ដល់បរិស្ថានធម្មជាតិ ដោយមិនសង្ឃឹមថា អង្គភាពនេះអាចចាត់ការប្រឆាំងមន្ត្រីទាំងនោះបានទេ។
របាយការណ៍ប្រចាំឆ្នាំ២០១០ របស់អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានដាក់ឈ្មោះប្រទេសកម្ពុជា នៅក្នុងលេខរៀងទី១៥៤ នៅក្នុងចំណោមប្រទេស ១៨៣ នៅក្នុងបញ្ជីរបស់ខ្លួន ដែលមានន័យថា កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសមានអំពើពុករលួយធ្ងន់ធ្ងរ ប៉ុន្តែប្រសើរជាងប្រទេសលាវ និងប្រទេសអាហ្វ្រិកកណ្ដាល៕
No comments:
Post a Comment