Tuesday, November 2, 2010

ហ៊ីលឡារី គ្លិនតុន គាំទ្រច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលទ្បារី គ្លិនតុន (Hillary Clinton) ដែល​បាន​បញ្ចប់​ទស្សនកិច្ច​រយៈ​ពេល ៣​ថ្ងៃ​នៅ​កម្ពុជា​ថ្មីៗ​នេះ បាន​សម្ដែង​ការ​គាំទ្រ​លើ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​ធានា និង​បម្រើ​ផលប្រយោជន៍​ដល់​វិនិយោគ​ទុន​បរទេស និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ។ការ​ថ្លែង​គាំទ្រ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ នៅ​ឯ​ក្រសួង​ការបរទេស​កម្ពុជា រវាង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ជា​ឧបនាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ថ្មីៗ​នេះ។
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​ថា ប្រទេស​កម្ពុជា បាន​ធ្វើ​ការងារ​បាន​ជឿន​លឿន​ជា​ច្រើន​នៅ​ក្នុង​ការ​ប្រឆាំង​អំពើ​ពុករលួយ​កន្លង​មក​នេះ។
លោកស្រី​បន្ត​ថា ៖ "យើង​កំពុង​តែ​អនុវត្ត​យ៉ាង​ខ្លាំងក្លា​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ថ្មីៗ​នេះ ដើម្បី​ក្លាយ​ជា​ឧបករណ៍​ដ៏​មាន​អំណាច ដើម្បី​ទប់ស្កាត់ តាមដាន និង​ផ្ដន្ទា​ទោស​អំពើ​ពុករលួយ។ នេះ​គឺ​ជា​ការ​ធានា​ដល់​វិនិយោគិន​បរទេស ហើយ​សំខាន់​ជាង​នេះ​ទៀត គឺ​បម្រើ​តាម​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា"
សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ដែល​មាន​ចំនួន ៥៧​មាត្រា និង ៩​ជំពូក ត្រូវ​បាន​សភា​ជាតិ​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា និង​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១០ កន្លង​ទៅ​នេះ ប៉ុន្តែ​ច្បាប់​នេះ​រង​ការ​រិះគន់​ជា​ច្រើន​ពី​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដោយសារ​តែ​សេចក្ដី​ព្រាង​ច្បាប់​នោះ​បាន​តម្រូវ​ឲ្យ​មាន​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ក្នុង​ភាព​មិន​ចំហ។
មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក កែវ រ៉េមី បាន​មាន​ប្រសាសន៍​សាទរ​ថា អង្គភាព​នេះ​កំពុង​តែ​ប្រឹងប្រែង​ចាត់​ការ​អំពើ​ពុករលួយ​នេះ​ហើយ ៖ «ហើយ​ក្រៅ​ពី​នេះ យើង​នឹង​បញ្ចូល និង​ខំ​ប្រជ្រៀត​ខ្លួន​យើង ធ្វើ​សមាហរណកម្ម​នៅ​ក្នុង​តំបន់ និង​នៅ​ក្នុង​អន្តរជាតិ ដើម្បី​ធ្វើការ​អនុវត្ត​ទៅ​តាម​អ្វី​ដែល​ជា​អនុសញ្ញា​របស់​អង្គការ​សហ​ប្រជាជាតិ  ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​ថែម​ទៀត»
លោក​បាន​បញ្ជាក់​ថា អង្គភាព​នេះ​ទទួល​ពាក្យ​បណ្ដឹង​បាន​ចំនួន​ជាង ៣០​ហើយ​ពី​ប្រជាពលរដ្ឋ ហើយ​អង្គភាព​នេះ​កំពុង​តែ​ស៊ើបការណ៍​សម្ងាត់​ដោយ​ម៉ត់ចត់ និង​ដោយ​អាថ៌កំបាំង​លើ​ពាក្យ​បណ្ដឹង​នោះ។
កន្លង​មក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ គឺ​លោក ឱម យ៉ិនទៀង បាន​ឲ្យ​ដឹង​ថា មុខ​សញ្ញា​ដែល​តម្រូវ​ឲ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ​ខាង​មុខ​នេះ គឺ​មាន​ចំនួន​ជាង ១០​ម៉ឺន​នាក់ នៅ​ក្នុង​នោះ​មាន​តំណាងរាស្ត្រ  ព្រឹទ្ធ​សមាជិក មន្ត្រី​រាជការ​ស៊ីវិល មន្ត្រី​នគរបាល មន្ត្រី​យោធា ដែល​បាន​តែងតាំង​ដោយ​អនុក្រឹត្យ និង​ព្រះរាជក្រឹត្យ ឧកញ៉ា មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​នានា និង​ចៅក្រម ព្រមទាំង​ព្រះរាជអាជ្ញា​តុលាការ​ជាដើម។
កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា កន្លង​ទៅ​នេះ អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) បាន​រិះគន់​ថា មាន​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​បាន​លក់​អាជ្ញាប័ណ្ណ ដើម្បី​រាវរក​ធនធាន​ធម្មជាតិ ដែល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​សាមញ្ញ និង​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ ដោយ​មិន​សង្ឃឹម​ថា អង្គភាព​នេះ​អាច​ចាត់ការ​ប្រឆាំង​មន្ត្រី​ទាំង​នោះ​បាន​ទេ។
របាយការណ៍​ប្រចាំ​ឆ្នាំ​២០១០ របស់​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បាន​ដាក់​ឈ្មោះ​ប្រទេស​កម្ពុជា នៅ​ក្នុង​លេខ​រៀង​ទី​១៥៤ នៅ​ក្នុង​ចំណោម​ប្រទេស ១៨៣ នៅ​ក្នុង​បញ្ជី​របស់​ខ្លួន ដែល​មាន​ន័យ​ថា កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​មាន​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ ប៉ុន្តែ​ប្រសើរ​ជាង​ប្រទេស​លាវ និង​ប្រទេស​អាហ្វ្រិក​កណ្ដាល៕

Monday, November 1, 2010

WattDhammarangsei

Pages